Home / Entertainment / បើស្នេហាយើងមួយនេះខុសគេ ​តើអូនព្រមនៅក្បែរបងមួយជីវិតឬក៏អត់? (ភាគ៣)

បើស្នេហាយើងមួយនេះខុសគេ ​តើអូនព្រមនៅក្បែរបងមួយជីវិតឬក៏អត់? (ភាគ៣)


បើស្នេហាយើងមួយនេះខុសគេ ​តើអូនព្រមនៅក្បែរបងមួយជីវិតឬក៏អត់? (ភាគ៣)

លក្ខិណា
១ ខែមុន

** ប្រលោមលោកខ្មែរឡូត **

(ភាគទី១ សូមចុចអានទីនេះ)

(ភាគទី២ សូមចុចអានទីនេះ)

ភាគទី៣

អារម្មណ៍របស់ខ្ញុំស្ទើរតែប្រាប់មិនត្រូវនៅពេលដែលប្រឹងនិយាយពាក្យទាំងនេះចេញមកទាំងពិបាក។ រយៈពេលខ្លីមិនសមថាចិត្តបិសាចរបស់ខ្ញុំមិនដាច់ជាមួយស្រីតូចច្រមក់ម្នាក់នេះសោះ។ ទោះជានាងស្អាតតែក៏មិនគួរមានឥទ្ធិពលខ្លាំងដល់សតិអារម្មណ៍របស់ខ្ញុំដែរ។ ស្រាប់តែសំឡេងកាចរករឿងស្ទើរបែកក្រដាសត្រចៀកបានលាន់ឮរហូតដល់ខ្ញុំស្ទើរតែភ្ញាក់ក្រញ៉ាង។

« ថាម៉េច? ទេខ្ញុំមិនព្រមនោះទេ រឿងអីត្រូវលុបការចងចាំខ្ញុំ? មុននេះលោកឱ្យខ្ញុំជឿចិត្តលោក ខ្ញុំក៏ជឿចិត្តលោកហើយ លោកពិតជាមិនបានសំលាប់ខ្ញុំមែន ដូចនេះ ពេលនេះ ក្នុងពេលនេះ លោកក៏ត្រូវជឿចិត្តខ្ញុំវិញដូចគ្នា។ នែ! មើលមុខខ្ញុំ ណា ខ្ញុំសន្យាថាមិនប្រាប់រឿងលោកទៅនរណាទេ ណាណា ខ្ញុំ…… ខ្ញុំមិនចង់បំភ្លេចរឿង…រឿងអ្វីមួយនៅក្នុងជីវិតខ្ញុំទេ…និយាយទៅមិនថារឿងនោះល្អ ឬអាក្រក់សម្រាប់ខ្ញុំវាជាការចងចាំដ៏ស្រស់ស្អាត ខ្ញុំមិនចង់បំភ្លេចអ្នកណាម្នាក់ ខ្ញុំមិនចង់បំភ្លេចអ្វីមួយនោះទេ » ដារីមើលមុខខ្ញុំ ហាក់ចង់ឱ្យខ្ញុំជឿជាក់លើនាង ដូចដែលនាងជឿជាក់លើខ្ញុំមុននេះ។ ការពិតទៅខ្ញុំក៏មិនចង់ឱ្យនាងបំភ្លេចខ្ញុំដែរ តែ….តើខ្ញុំអាចជឿជាក់លើមនុស្សស្រីដែលខ្ញុំស្គាល់ត្រឹមតែប៉ុន្មានម៉ោងនេះបានទេ? តើមនុស្សគួរឱ្យជឿជាក់បានទេ? តើនាងពិតជាមិនប្រាប់គេឯងមែនទេ? ខ្ញុំចង់ជឿលើនាង តែខ្ញុំមិនអាចថាមិនគិតដល់គ្រួសារត្រកូលស្តេចបិសាចរបស់ពួកខ្ញុំដែរ។ ប៉ុន្តែពេលនេះខ្ញុំត្រូវតែសម្របតាមនាងសិនទើបបាន។ បើតាមមើលចរិតស្រីឆា្នស់រឹងរូសដូចជានាង បើមិនតាមនាងទេ នាងពិតជារករឿងអីទៀតហើយ។ មិនគួរបិសាចដូចជាខ្ញុំចេះខ្លាចនាងល្អិតនេះសោះ។

« ហ៊ី! បានៗៗៗអ៊ីចឹងឥឡូវខ្ញុំស្រួលខ្លួននៅ ខ្ញុំជូនទៅផ្ទះវិញចុះ»

ដារីឮខ្ញុំនិយាយពីផ្ទះស្រាប់តែធ្វើមុខភ័យស្លន់ស្លោ ខ្ញុំដឹងថានាងកំពុងតែគិតអ្វីហើយ ខ្ញុំក៏និយាយទាំងម៉ឺងម៉ាត់លាយស្នាមញញឺមតិចៗ។

« មិនបាច់ភ័យទេ គ្រប់រឿងខ្ញុំចាត់ការអស់ហើយ អ្នកផ្ទះនាងមិនដឹងរឿងទេ ហើយអ្នកបើកឡាននាងក៏ត្រូវខ្ញុំក៏សណ្តំចិត្តគេថាជូននាងទៅផ្ទះវិញហើយដែរ»

« អូ ពូកែមែន ខ្ញុំខំតែភ័យថាពិបាកដោះស្រាយប្រាប់អ្នកផ្ទះហើយតើ…អេ! តែនេះ..តែ… តែហេតុអីលោកដឹងថាខ្ញុំគិតពីរឿងអ្នកផ្ទះ? »

« គឺជាសមត្ថភាពពិសេសរបស់អម្បូរស្តេចបិសាចពួកខ្ញុំហ្នឹងណា ពួកយើងមានត្រចៀកវៃណាស់ អាចឮសំឡេងរាប់រយគីឡូឯណោះ ចំណែកការគិតរបស់អ្នកដទៃ គឺ…»

« គឺ…? គឺអីទៅ? នេះកុំថាខ្ញុំគិតអីលោកដឹងទាំងអស់ណា »

« ហាហា…មិនមែនទេ បិសាចណាមិនមែនទេវត្តាឯណា។ ការដឹងពីចិត្តមនុស្សគឺមិនដឹងទាំងអស់នោះទេ បើចិត្តរបស់នាងទន់ខ្សោយ មិនរឹងប៉ឺង បេះដូងច្របូលច្របល់ ឈាមរបស់ពួកនាងនឹងដើរខុសពីធម្មតា ហើយខ្ញុំអាចឮសំឡេងក្នុងសសៃឈាមរបស់នាងបាន។ ងាយណាស់! បានហើយៗសួរច្រើនមែន ទៅផ្ទះលឿនឡើង»

ដារីធ្វើមុខឆ្ងល់ទាំងគិតបន្តិចរួចស្រែកតវ៉ា

« អេ! សមត្ថភាពអីទៅ គេហៅថាទាយទៅវិញទេ បិសាចបោកប្រាស់ »

« បានហើយឈប់ប្រកែកទៅ មេឃភ្លឺឥឡូវហើយ តិចឱ្យនៅទីនេះមួយយប់ទៅ »

« បិសាចឆ្កួត »

នាងក៏ដើរតាមខ្ញុំទាំងទឹកមុខងរងក់។ ខ្ញុំវិញដើរនាំផ្លូវនាងទាំងលួចញញឹមសប្បាយចិត្ត។ អេ! ហេតុអ្វីត្រូវញញឹមផងគ្រាន់តែញ៉ោះស្រីតូចនេះលេងសោះ។ ប្រែប្រួលហើយ បិសាចឯងមិនអាចដោយសារតែស្រីម្នាក់នេះប្រែប្រួលប្លែកលឿនដល់ថ្នាក់នេះទេ។ ឬនេះជានិស្ស័យ? និស្ស័យស្អីទៅ រស់នៅរាប់រយឆ្នាំទៅហើយ បើមាននិស្ស័យមែនពេលនោះ…..ខ្ញុំប្រាកដជាមិនបាត់បង់មនុស្សនៅជុំវិញខ្លួននោះទេ។

……………………………………………………………………………… 

បើស្នេហាយើងមួយនេះខុសគេ ​តើអូនព្រមនៅក្បែរបងមួយជីវិតឬក៏អត់? (ភាគ៣)

រូបតំណាង

នៅតាមផ្លូវកំពុងតែផ្ចង់ស្មារតីបើកឡាន តែពេលនេះខ្ញុំលែងមានស្នាមញញឹមទៀតហើយ ព្រោះតែ…..ស្រីដែលអង្គុយក្បែរខ្ញុំបានចាប់ផ្តើមមានប្រតិកម្មគីមីក្នុងខ្លួនចម្លែកៗខុសពីមនុស្សស្រីឆ្នាស់ដែលខ្ញុំបានជួបប៉ុន្មានម៉ោងមុន។ នាងធ្វើប្ញកពាដូចកូនក្មេង សួរច្រើន ឆ្ងល់ច្រើន រហូតដល់ខ្ញុំហត់នឹងឆ្លើយ។

« សួរអីក៏សួរម៉េះចេះហត់អត់ហ្នឹង បិទមាត់១នាទីសិនបានអត់? ខ្ញុំកំពុងតែបើកឡានណា» ខ្ញមនិយាយទាំងមុខមាំបន្តិច ដារីក៏ស្ងាត់មាត់រួចមើលមុខខ្ញុំភ្លឹះៗ។ អើយ! ចិត្តទន់ទៀតហើយខ្ញុំ។ខ្ញុំនិយាយទាំងភ្នែកមិនងាកពីចង្កូតឡាន

« មើលអីមើលម៉េះ ? ចង់សួរអីសួរមកចុះ តែត្រឹមតែ១សំណួរទៀតទេណា បិសាចក៏ចេះហត់ដែរ »

« ហិហិ…..គ្រាន់តែខ្ញុំមិនអស់ចិត្តមិននឹកស្មានថាបិសាចជញ្ជក់ ឈាមពិតជាមាននៅលើលោកនេះសោះ ហើយនៅពីមុខខ្ញុំទៀត ដូចការយល់សប្តិចឹង…. តែគ្រប់យ៉ាងទាំងរូបរាងមុខមាត់សាច់ឈាមរបស់លោកដូចជាមនុស្សចឹងណ៎។ លោកអត់ចេះហោះចេះបំបាំងកាយទេហ៎? គេថាបិសាចចេះហោះនោះអី នែ! បើពួកយើងហោះទៅផ្ទះលឿនជាងលោកថាចឹងអត់? » គ្រាន់តែឮបែបនេះខ្ញុំស្ទើរតែផ្ទុះសំណើចចេញមកទៅហើយ តែប្រឹងទប់។ មនុស្សស្រីចរិកឆ្នាស់ឆ្នើម តែធាតុពិតនាងដូចកូនក្មេងដែលឆ្ងល់មិនចេះអស់មិនចេះហើយ ធ្វើឱ្យខ្ញុំសើចទាំងមិនដឹងខ្លួន។

« នាងនេះយ៉ាប់មែន! គឺមានរឿងជាច្រើនទៀតដែលនាងមិនដឹង….ខ្ញុំរៀបរាប់មួយយប់ក៏មិនអស់ដែរ..ក្មេងឆ្លាត ចាំមានពេលចាំនិយាយអោយស្តាប់ណា នេះ នែ! » ខ្ញុំយកដៃខោកក្បាលនាងតិចៗទាំងខ្នាញ់។

« នែ ហ៊ើយ! ធ្វើជាមនុស្សប្រុសមកខោកក្បាលមនុស្សស្រីចឹង ខ្ញុំមិនមែនកូនក្មេងទេណា ឆឺស។ ថ្ងៃក្រោយជារឿងថ្ងៃក្រោយ តែពេលនេះខ្ញុំចង់ដឹងណា ប្រាប់សិនមក »

« ម៉េចខោកមិនបាន? នែតាមមើលទៅហ្ហា នាងអាយុប្អូនខ្ញុំដល់ទៅរាប់រយឆ្នាំឯណោះណា»

ដារីចាប់ផ្តើមសំឡក់ខ្ញុំទាំងខឹង ខ្ញុំក៏និយាយទាំងញញឹម

« ហ៊ើយ! ល្អៗប្រាប់ក៏បានដែរ ខ្ញុំមិនចង់ឃើញភ្នែកនាងសំឡក់ខ្ញុំទេគួរឱ្យខ្លាច។ អូខេ ចាប់ផ្តើម..គឺថាខ្ញុំរស់នៅរាល់ថ្ងៃដូចតែមនុស្សទូទៅចឹង គ្រាន់តែខុសត្រង់ខ្ញុំរស់នៅដោយការផឹកឈាមមនុស្ស១ថ្ងៃម្តងមុនម៉ោង២ទាបភ្លឺ។ ហើយអា រឿងហោះអី បំបាំងកាយនោះខ្ញុំអាចធ្វើបានគ្រាន់តែខ្ញុំមិនចង់ វាខាតកំលាំងអត់តែអំពើម្យ៉ាង….…ខ្ញុំ…ខ្ញុំចង់រស់នៅធម្មតាៗដូចមនុស្សផ្សេងៗទៀតដែរ» ខ្ញុំនិយាយចុងប្រយោគយ៉ាងខ្សោយ លាយនឹងភាពក្រៀមក្រំ។ អ្នកទាំងអស់គ្នាប្រហែលជាគិតជា ខ្ញុំជាមនុស្សអស្ចារ្យ ទេ អត់ទេ..ជាបិសាចអស្ចារ្យ….ដែលអាចរស់នៅរាប់រយឆ្នាំមិនចេះស្លាប់ ប៉ុន្តែមានអ្នកណាធ្លាប់ដឹងពីអារម្មណ៍ឯកាមួយនេះទេ? រឿងដែលខ្ញុំមិនចង់ស្រលាញ់អ្នកណាម្នាក់ពិតប្រាកដ ឬគ្រាន់តែជាការស្រលាញ់លេងសើចនោះ ក៏ព្រោះតែខ្ញុំស្អប់ភាពឈឺចាប់ ស្អប់ការបែកគ្នា ស្អប់ការមើលឃើញមនុស្សជាទីស្រលាញ់នៅជុំវិញខ្លួនស្លាប់ទៅម្តងម្នាក់ៗ។ វាឈឺចាប់ណាស់ ហើយទំហំការឈឺចាប់រឹតតែធំឡើងៗនៅពេលដែលយើងត្រូវឱបដៃឈរមនុស្សទាំងអស់ចាកចេញទៅដោយយើងមិនអាចធ្វើអ្វីបានទាល់តែសោះ វាជាក្តីឈឺចាប់ដែលត្រូវមានជីវិតមិនចេះសាបសូន្យ។ ប្រហែលជាដារីនាងមើលឃើញភាពឈឺចាប់ក្នុងកែវភ្នែករបស់ខ្ញុំហើយ បានជានាងសួរដោយបារម្ភ

« អឹ លោកមិនអីទេមែនទេ? សុំទោសដែលសួរលោកច្រើន ប្រហែលមានរឿងអ្វីប៉ះពាល់ដល់ចិត្តលោកហើយមែនទេ? ខ្ញុំឈប់សួរហើយណា ហិហិ » ខ្ញុំងាកមកញញឹមដាក់នាងវិញដោយមិននិយាយអីបន្តរហូតដល់ផ្ទះនាង។ មួយសន្ទុះក្រោយមកក៏ដល់ផ្ទះនាង

« ដល់ផ្ទះហើយ ទៅចុះ »

« អេ? ដល់ហើយ? ម៉េចលោកស្គាល់ផ្ទះខ្ញុំ? កុំថាប្រើវេទមន្ត សីល្ប៍អីណា? »

« ហិតក្លិននាងហ្នឹងណា »

« អាបិសាចរោគចិត្តលោកឯងមកហិតខ្ញុំយ៉ាងម៉េច? បិសាចឬក៏ឆ្កែព្រៃនេះ? ឡប់ៗៗ ឆ្កួតៗៗ»

« នែ! ខ្ញុំចង់និយាយថាហិតក្លិនកង់ឡាន និងដីដែលជាប់ស្បែកជើងនាងហ្នឹងណា ឆ្កួតទីហិតក្លិននាងធ្វើអី? »

« អូ…ហាហា សូរី ស្តាប់មិនទាន់អស់»

« បានហើយចុះទៅខ្ញុំងងុយគេង»

« ឈប់សិន!!» នាងស្រែកឃាត់ទាំងសប្បាយចិត្ត

« យ៉ាងម៉េចទៀតហើយនេះ? » ខ្ញុំតបទាំងធុញទ្រាន់

« គឺ….. ហិហិ…. នាំខ្ញុំហោះឡើងទៅលើបន្ទប់ខ្ញុំបន្តិចបានទេ ណាណា….ខ្ញុំចង់ដឹងណាស់ថាសប្បាយយ៉ាងម៉េច ណាណា »

« មិនចង់ទេ! ហត់ណាស់»

« ណា..តែមួយភ្លែតទេណា»

« បើមិនចុះទេ ខ្ញុំនឹងអូសនាងចេញពីឡានរបស់ខ្ញុំណា»

« អាបិសាចចិត្តអាក្រក់»

ដារីធ្វើមុខខឹងងរងក់ចុះពីលើឡានបិទទ្វារផាំងទាំងកំហឹង។  

បើស្នេហាយើងមួយនេះខុសគេ ​តើអូនព្រមនៅក្បែរបងមួយជីវិតឬក៏អត់? (ភាគ៣)

រូបតំណាង

នាងនេះដល់ពេលរពិសទៀតហើយ ចង់ដឹងចង់ឮមែនទេ? ខ្ញុំសើចហួសចិត្តរួចក៏បំបាំងកាយហោះមកឈរក្បែរនាងភ្លែតរួចនិយាយ។

« ត្រៀមខ្លួននៅ? »

« ហាស់? ត្រៀមខ្លួន? ស្អីគេ? អាយ…………!!! » មិនឱ្យនាងនិយាយទាន់ ខ្ញុំក៏ស្ទុះឱបចង្កេះនាង នាងភ័យក៏ឱបកខ្ញុំវិញយ៉ាងលឿនហោះចូលដល់បន្ទប់នាង។

« ហេយ? មិនឱ្យដំណឹងខ្ញុំមុនទេ អស់ព្រលឹងរលីង លោកឯងនេះបិសាចអន់ចរិក ចុះបើធ្លាក់បាក់កងាប់គិតម៉េច? » ខ្ញុំឈរសើចម្នាក់ឯងហួសចិត្តចរិកងរង័កដូចកូនក្មេងរបស់នាង។ ហេតុអីពេលជួបនាងនៅក្នុងក្លឹប និងក្នុងពេលនេះខុសគ្នាខ្លាំងម៉្លេះ? តើនេះជាចរិកពិតរបស់នាងមែនទេ? គិតមួយសន្ទុះភ្លេចគិតនិងចាប់អារម្មណ៍មើលជុំវិញ ទៅថាខ្លួនឯងកំពុងតែឈរក្នុងបន្ទប់គេងដ៏ធំរបស់នាង។ ការតុបតែងបន្ទប់មានសណ្តាប់ធ្នាប់ល្អ ស្អាត មានរបៀប រៀបចំជាពណ៌សមួយឈុតស្រស់ថ្លា។ មិននឹកស្មានថាស្រីឆ្នាស់មានរសនិយមល្អបែបនេះសោះ។ បន្ទប់នេះគួរឱ្យចង់គេង ណាស់…តែ….ហ៊ើយ! គួរឱ្យស្តាយ ខ្ញុំមិនអាចគេងនៅកន្លែងស្អាតៗអ៊ីចឹងទេហ៊ី ។

« គេងចុះសុបិនល្អ ខ្ញុំទៅវិញហើយណា ហើយក៏អរគុណម្តងទៀតដែលបានជួយខ្ញុំថ្ងៃនេះ បាយបាយ »

« អឺ នែឈប់សិន»

« មានរឿងអិទៀតហើយនេះ?»

«អឺ….អរគុណដែលជូនមក គឺថា….សុបិនល្អដូចគ្នា ថ្ងៃក្រោយជួបគ្នាណា »

នាងបក់ដៃលាខ្ញុំទាំងញញឹមស្រស់ស្រាយ តែខ្ញុំមិនបានចាប់អារម្មណ៍នឹងស្នាមញញឹមមួយនេះទេ គឺពាក្យថាជួបគ្នាថ្ងៃក្រោយរបស់នាង។ តើពួកយើងពិតជាអាចជួបគ្នាទៀតបានមែនទេ? នាងចង់ជួបបិសាចដូចខ្ញុំដែរហ្ហេស?

…………………………………………

ម៉ោង៤ ជិតភ្លឺទៅហើយ តែខ្ញុំនៅតែកំពុងអង្គុយក្នុងឡានមុខផ្ទះដារីដដែល។ រឿងថ្ងៃនេះធ្វើឱ្យខ្ញុំគិតដល់រឿងជាច្រើន តើល្អទេដែលទុកអោយនាងមានការចងចាំ និងដឹងឮរឿងរបស់ខ្ញុំជាច្រើនចឹង? ខ្ញុំដឹងថាវាមានគ្រោះថ្នាក់ណាស់សំរាប់ពូជស្តេចបិសាចដូចជាខ្ញុំ។ ខ្ញុំក៏ចង់ជឿចិត្តនាងដូចគ្នា តែខ្ញុំខ្លាច!!! គឺខ្លាចចិត្តនិងបេះដូងខ្លួនឯងដែលមានចំពោះនាង។ បិសាចដូចជាខ្ញុំមិនមានចង្វាក់បេះដូងក្នុងការដឹងថាខ្លួនឯងកំពុងតែលង់ស្រលាញ់អ្នកណាម្នាក់នោះទេ។ តែ…..តែខ្ញុំមានប្រថ្នូលម្យ៉ាងចំពោះដារី…….វាជាអារម្មណ៍ ដែលខ្ញុំធ្លាប់ជួបប្រទះកាលពី១០០ឆ្នាំមុន ពេលដែលខ្ញុំស្រលាញ់គ្នាជាមួយមនុស្សលោក។ វាជាពេលវេលាដ៏មានន័យ និងស្រស់ស្អាតបំផុតក្នុងជីវិតបិសាចរបស់ខ្ញុំ តែវាក៏ជាអារម្មណ៏មួយដ៏ឈឺចាប់បំផុតដែលបាត់បង់នាង….មនុស្សស្រីដែលខ្ញុំស្រលាញ់ក្នុងរង្វង់ដៃជារៀងរហូត។

នៅសម័យនោះ មានគ្រួសារកម្ចាត់បិសាចមួយក្រុមដែលព្យាយាមកំចាត់ពូជស្តេចបិសាចដូចជាពួកខ្ញុំ។ ពួកគេដឹងឮពីវត្តមានរបស់បិសាចនៅលើលោកនេះ។ លីណា! នាងបានព្យាយាមការពារខ្ញុំដល់ដំណាក់កាលចុងក្រោយ ដោយនាងសុខចិត្តស្លាប់រងមុខអាវុទ្ធនោះដើម្បីខ្ញុំ តែខ្ញុំបែរជាគ្មានសមត្ថភាពជួយនាង ឬប្តូរនាងឱ្យមានជីវិតរស់រានជាបិសាចដូចជាខ្ញុំនោះ ទេ ព្រោះពេលនោះខ្ញុំត្រូវរបួសធ្ងន់មិនមានកំលាំងគ្រប់គ្រាន់ដើម្បីជួយនាង។ ខ្ញុំពិតជាខឹងខ្លួនឯងណាស់ ខឹងខ្លួនឯងណាស់ ខ្ញុំជាប្រុសគ្មានបានការម្នាក់។ ពេលដែលបងប្អូនខ្ញុំមកជួយ វាជាពេលដែលនាងស្លាប់បាត់ទៅហើយ ខ្ញុំ មិនអាចជួយអ្វីបានក្រៅពីយំឱបសាកសពមនុស្សស្រីជាទីស្រលាញ់នោះទេ។ កំហឹងពេលនោះធ្វើឱ្យខ្ញុំមានកំលាំងមហាសាល ហើយបានសំលាប់គ្រួសារកំចាត់បិសាចផ្តាច់ពូជអស់ពីគ្រួសារ។ ដៃប្រឡាក់សុទ្ធតែឈាម…..វាជាកំហុសលើកដំបូងដ៏ធំបំផុត និងចុងក្រោយនៃជីវិតខ្ញុំដែលបានសំលាប់ជីវិតមនុស្ស។ ខ្ញុំមិនចង់សម្លាប់មនុស្សទេ តែ..តែពួកគេទេដែលជាអ្នកមករករឿងពួកខ្ញុំមុននោះ។ ក្រោយពីលីណាស្លាប់ ខ្ញុំក៏មករស់នៅទីក្រុងនេះតែម្នាក់ឯង ចាកចេញពីគ្រួសារព្រោះតែរបួសស្នេហាដែលមិនមានថ្ងៃជាសះស្បើយ ហើយរស់នៅតាំងខ្លួនជាព្រានប្រមាញ់ឈាមស្រស់ៗពីមនុស្ស បិទបេះដូងខ្លួនឯង ព្រោះតែមិនចង់ឱ្យរឿងរ៉ាវឈឺចាប់បែបនេះកើតឡើងម្តងទៀត ។

…………………………… 

បើស្នេហាយើងមួយនេះខុសគេ ​តើអូនព្រមនៅក្បែរបងមួយជីវិតឬក៏អត់? (ភាគ៣)

រូបតំណាង

ក្រោយពីឃើញបន្ទប់ដារីបិទភ្លើងមួយសន្ទុះធំ នាងប្រហែលជាកំពុងតែគេងលង់លក់ស្កប់ស្កល់ទៅហើយ….ហើយ…. វាក៏គួរតែដល់ពេលវេលាដែលខ្ញុំត្រូវចាត់ការចាត់ការ។

ជំហានជើងមួយៗថ្នមៗតែពេញដោយទម្ងន់របស់ខ្ញុំបានដើរមកដល់បន្ទប់ដារីម្តងទៀត។ នាងកំពុងតែគេងលង់លក់ដណ្តប់ភួយជាមួយអាវដំណេកពណ៌ផ្កាឈូកចាំងឆ្លុះសាច់ដ៏ស្រស់ស្អាតរបស់នាង…ខ្ញុំពិតជាមិនចង់ទេ…តែ….ខ្ញុំត្រូវតែធ្វើ។ ខ្ញុំក៏យកបាតដៃ សូត្រមន្តអាគមន៍ដើម្បីសណ្តំនាងឱ្យបំភ្លេចការចងចាំរវាងនាងនិងខ្ញុំចាប់ពីវិនាទីនេះតទៅ។ មុននឹងបាតដៃរបស់ខ្ញុំដាក់ជិតដល់ថ្ងាសរបស់នាងខ្ញុំក៏និយាយតិចៗម្នាក់ឯងទាំងអារម្មណ៍ដឹងខុស និងអស់សង្ឈឹមដែលជិតឃ្លាតឆ្ងាយពីនាង

« ដារីខ្ញុំសុំទោស! ខ្ញុំមិនចង់ធ្វើបែបនេះទេ អភ័យទោសឱ្យខ្ញុំផងដែលខ្ញុំមិនអាចធ្វើតាមសន្យា….ខ្ញុំចង់ឱ្យនាងរស់នៅជាមនុស្សធម្មតា មិនចង់ឱ្យនាងមកគិតមកចងចាំមកឈឺក្បាលជាមួយបិសាចដែលឯកាដូចជាខ្ញុំទេ»

……………………………………………….

………សូមរង់ចាំភាគបន្ត នៅសប្តាហ៍ក្រោយ……………

(ភាគទី១ សូមចុចអានទីនេះ)

(ភាគទី២ សូមចុចអានទីនេះ)

** ខ្មែរឡូត សូមរក្សាសិទ្ធិរាល់ប្រលោមលោកខ្មែរឡូត ដែលបានចេញផ្សាយ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 085836679 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

Check Also

ទាយមើលថា ពួកគេមានអាយុប៉ុន្មានហើយ? នេះជាអាយុពិត របស់តារាK-pop ដែលល្បីសព្វថ្ងៃ

កូរ៉េខាងត្បូង៖ ជាក់ស្តែង​បើ​ទោះប្បីជា​តារាK-pop ទាំងនេះ​នៅ​​​មាន​វ័យក្មេង​ក៏​ដោយ ​តែ ​ប្រសិន​បើ​និយាយ​ពី ​ប្រជាប្រិយ​ភាពនឹងភាពទាក់ទាញ ​ពីសំណាក់​អ្នកគាំ​ទ្រវិញ​គឺមិន​តិចនោះ​ទេ។ ក៏ប៉ុន្តែ​គ្មាន​អ្វី​ ដែលគួរឲ្យ​​ចម្លែក​នោះ​ទេ​ ក៏​ព្រោះ​តែ​សមត្ថភាព ​នឹងទេពកោសល្យដ៏ល្អ​របស់​ពួកគេ ទើប​​​បានជួយ​ឲ្យ​តារាវ័យក្មេង​ទាំងនេះ​ ភាគច្រើន​បាន​វិវត្តន៍ខ្លួន ធ្វើ​​ជា​តារាK-pop ទាំងដែល​ពួកគេ …

Leave a Reply

Your email address will not be published. Required fields are marked *